(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្ស ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានលើកឡើងថា យុវជនសម័យតេជោ ដែលជាសម័យសន្តិភាពនេះ មានភ័ព្វវាសនាល្អជាងយុវជនជំនាន់មុនៗ ដែលឆ្លងកាត់តែសង្គ្រាម។
ក្នុងឱកាសសំណេះសំណាលជាមួយយុវជនក្រុងតាខ្មៅ និងយុវជនស្រុកកណ្តាលស្ទឹង ប្រមាណ ១០០០នាក់ លោក ហ៉ីង ប៊ុនហៀង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យុវជនសម័យតេជោមានភ័ព្វ វាសនាល្អ ជាងយុវជនជំនាន់មុនៗ ដែលមិនបានរៀនសូត្រ ហើយរងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិករាប់ពាន់គ្រាប់មកលើទឹកដីកម្ពុជា នៅជំនាន់របប លន់ នល់ និងឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាច្រើនទស្សវត្ស»។
លោកបន្តថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិឈានឆ្ពោះទៅរកត្រើយសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍទូទាំងប្រទេស មានហេដ្ឋារចនាសម្ព័ន្ធសង្គមតាំងពីជនបទដល់ទីក្រុង ធ្វើឱ្យយុវជនមានឱកាសក្រេបជញ្ជក់នូវចំណេះដឹងពេញលេញទាំងនៅក្នុង និងក្រៅប្រទេស។
កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានសំណេះសំណាលដោយផ្តោតលើសភាពការណ៍ ប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន។ លោកកិត្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់យុវជនសូមបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋ ពិសេសយុវជនតាមមូលដ្ឋាន ទាំងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ដែលជួបការលំបាក ហើយជួយណែនាំដល់យុវជនចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាសិស្សយុវជនល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សីពិតប្រាកដនៃប្រទេសជាតិ។
ជាមួយគ្នានោះដែរ លោកបាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់យុវជន ក្រុងងតាខ្មៅ និងយុវជនស្រុកកណ្តាលស្ទឹង ព្រមទាំងក្រុមការងារគណៈអចិន្ត្រៃយ៍ខេត្តកណ្តាលមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ពិធីនេះក៏មានសមាសភាពចូលរួមមួយចំនួន រួមមាន៖ បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានគណបក្សខេត្តកណ្តាល, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាអនុប្រធានគណបក្សខេត្តកណ្តាល, លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានគណបក្សខេត្តកណ្តាល, គណៈអចិន្ត្រៃយ៍គណបក្សខេត្តកណ្តាល, ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ, ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង, អភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល និងជាប្រធានគណបក្សក្រុងតាខ្មៅ, អភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជាប្រធានគណបក្សស្រុកកណ្តាលស្ទឹង៕

October 04, 2020
www.vcstvonline.com.kh
0 Comments:
kkkShare This
Post a Comment